ជ្រើសរើសភាសា: Khmer Khmer English English
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តយុទ្ធនាការ បញ្ជ្រាបការយល់ដឹង ស្ដីពីការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃរដ្ឋបាលស្រុក និងអង្គភាពពាក់ព័ន្ធ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦

រដ្ឋបាលស្រុកចំនួន ១១៥ បន្ថែមទៀត និង អង្គភាពពាក់ព័ន្ធ ទទួលបានបទពិសោធន៍ថ្មី ក្នុងការត្រៀមខ្លួនផ្លាស់ប្តូរពីការប្រើប្រាស់ FMIS Portal ជំនាន់ទី១ ទៅអនុវត្តមុខងារស្នូល FMIS រួមជាមួយនឹង FMIS Portal ជំនាន់ថ្មី ដើម្បីពង្រឹងប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព នៃប្រតិបត្តិការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ។ នេះ ជាការបញ្ជាក់ជូនដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹង ស្ដីពីការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញនៃរដ្ឋបាលស្រុក និង អង្គភាពពាក់ព័ន្ធ” ។

ការបន្តដាក់ឱ្យប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ទៅកាន់រដ្ឋបាលស្រុកដែលនៅសេសសល់ទាំងអស់ នាពេលនេះ គឺ ស្របទៅតាម “ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៤ ឆ្នាំ២០២៦-២០៣០” ដើម្បីជួយដល់ថ្នាក់មូលដ្ឋាន ជាពិសេសនៅថ្នាក់ស្រុក ក្នុងការពង្រឹងអភិបាលកិច្ចល្អ ការគ្រប់គ្រងរដ្ឋបាលបានកាន់តែប្រសើរ ពន្លឿនការអនុវត្តគម្រោងអភិវឌ្ឍនានា ដោយមិនមានការរាំងស្ទះដោយសារបញ្ហាថវិកា ចំណែកឯការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើង ហើយវិន័យនៃការអនុវត្តថវិកា ក៏កាន់តែត្រូវបានពង្រឹង និង ជាចុងក្រោយ គឺទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការប្រើប្រាស់មុខងារស្នូល FMIS រួមជាមួយ FMIS Portal ជំនាន់ថ្មី នឹងរួមចំណែកដល់ការបង្កើនភាពជាម្ចាស់នៃប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព វិន័យថវិកា និង ការធ្វើឌីជីថលូបនីយកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តទៀតថា ការងារនេះ នឹងជំរុញដល់ការអនុវត្តថវិការបស់រដ្ឋបាលស្រុក បានទាន់ពេល ដោយអនុវត្តតាមនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ដែលជារំហូរនីតិវិធីអនុវត្តប្រតិបត្តិការក្នុង FMIS ជាផ្លូវការ ក្នុងការស្នើសុំ ឬ ទូទាត់ចំណាយ ដោយពុំមានការបញ្ជូនឯកសារនៅខាងក្រៅទៅគ្រប់ដំណាក់កាល រួមទាំងដំណាក់កាលអភិបាលថវិកា និង ដំណាក់កាលគណនេយ្យករសាធារណៈ ហើយការប្រើប្រាស់ឯកសារជាក្រដាសត្រូវបានលុបបំបាត់ ដោយជំនួសមកវិញ នូវប្រតិបត្តិការ ឬ ព័ត៌មានទាញចេញពី FMIS ទាំងស្រុង ដែលល្បឿនប្រតិបត្តិការមានរយៈពេលជាមធ្យម សម្រាប់ការទូទាត់ចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ដោយគិតចាប់ពីថ្ងៃស្នើសុំដល់ថ្ងៃទូទាត់ ប្រើប្រាស់ពេលប្រមាណត្រឹម ៤ថ្ងៃ តែប៉ុណ្ណោះ។

លទ្ធផលទាំងនេះ ក៏បានគាំទ្រដោយចំណាប់អារម្មណ៍ របស់តំណាង រដ្ឋបាលស្រុកខ្សាច់កណ្តាល ដែលបានបង្ហាញអំពីបទពិសោធន៍ និង អត្ថប្រយោជន៍ជាក់ស្ដែង ទទួលបានពីការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី និង ចំណាប់អាម្មណ៍បន្ថែម របស់តំណាង ក្រសួងមហាផ្ទៃ ។ សមិទ្ធផលទាំងនេះ ជាសក្ខីយភាពមួយនៃការបោះជំហានទៅមុខជាលំដាប់ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាចំណែកមួយដ៏សំខាន់ ក្នុងការធានាការបង្កើនគុណភាព និង ប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈរបស់រដ្ឋបាលស្រុក លើសេវាសង្គម សន្តិសុខ និង រដ្ឋបាលសាធារណៈ តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាឃ្នាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង នយោបាយ សម្រាប់នាំឱ្យសេដ្ឋកិច្ច និង សង្គមកម្ពុជា កាន់តែមានការរីកចម្រើន ក្នុងគោលដៅឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

កម្មវិធីបញ្ជ្រាបការយល់ដឹងលើការប្រើប្រាស់ FMIS ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃរដ្ឋបាលស្រុកចំនួន ១១៥ និង អង្គភាពពាក់ព័ន្ធ ដែលធ្វើឡើងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦ នេះ មានគោលបំណងរៀបចំការងារសម្រាប់ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី លើការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ដែលនឹងដាក់ឱ្យអនុវត្តជាផ្លូវការនៅដើមឆ្នាំ ២០២៧ ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង រដ្ឋបាលស្រុក និង មន្រ្តីជំនាញជាង ៤០០ រូប ដើម្បីបញ្ជ្រាបការយល់ដឹងស្តីពី អត្ថប្រយោជន៍ និង ការត្រៀមរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធ ជូនរដ្ឋបាលស្រុក ដែលនៅសេសសល់ ប្រកបដោយភាពរលូន និង ជោគជ័យតាមការគ្រោងទុក ។

ក្នុងការសម្រេចឱ្យបាននូវការងារខាងលើនេះ សម្រាប់រដ្ឋបាលស្រុក និង អង្គភាពពាក់ព័ន្ធ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំ និង បុគ្គលិក មន្ត្រីរាជការ នៃរដ្ឋបាលស្រុក និង អង្គភាពពាក់ព័ន្ធ បន្តពង្រឹងភាពជាម្ចាស់ និង អភិវឌ្ឍសមត្ថភាព ជូនមន្រ្តីរាជការទទួលបន្ទុក តាមរយៈ ការចូលរួមវគ្គបណ្តុះបណ្តាល ផ្ដល់កិច្ចសហការ ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការកែលម្អនីតិវិធីអនុវត្តការងារតាម FMIS, និង រួមគ្នាអនុវត្តការងារ ដោយតម្កល់ស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍ជាតិ។

ព័ត៌មានទាក់ទង